Skip to main content

arts4peace Festival

ភ្នំពេញប្រទេសកម្ពុជា។
ពីថ្ងៃទី១៤ - ២៤ វិច្ឆិកា ឆ្នាំ២០១៩

ទាញយកតារាងកម្មវិធី

គម្រោងនេះមានបំណងស្វែងរកវីរជនសិល្បៈ ដែលបានខិតខំ លះបង់កាយចិត្ត និងពេលវេលា ជួយគាំទ្រសិល្បៈ និងវប្បធម៌នៅស្រុកតំបន់របស់ពួកគេ តែមិនល្បីល្បាញ និងមិនសូវមានគេស្គាល់។ មហោស្រពទាំងមូលមានបំណងអរគុណ និងដឹងគុណដល់ពួកគេ។ តាមរយៈកម្មវិធីនេះ យើងនឹងស្វែងរកវីរជនសិល្បៈចំនួន ២៥ ដែលតំណាងឱ្យខេត្តនីមួយៗ តាមតែអាចធ្វើបាន។ យើងបានសហការជាមួយអ្នកស្រាវជ្រាវក្នុងរង្វង់សិល្បៈ ដើម្បីបំពេញការងារនេះ។ រយៈពេល ៦ខែមកនេះ អ្នកស្រាវជ្រាវចំនួន ៩នាក់ បានចុះទៅស្វែងរក ជួប និងសម្ភាសបុគ្គលដែលបានចំណាយពេល ស្ទើរពេញមួយជីវិតលើសិល្បៈ។ នៅក្នុងមហោស្រពនេះ យើងនឹងបង្ហាញ វីរជនសិល្បៈលាក់មុខ ទាំង ២៥ រូប ដែលយើងបានរកឃើញ។

វីរជនសិល្បៈ៖

ព្រះតេជគុណ ពិន សែម
អោក អាង
ប្រាក់ ប៊ន
ប្រាក់​​ សែ
ជា សារី
ជាម ច្រឹប
ចៀវ ចង
អ៊ិន សារ៉េន​
អ្នកស្រី ខា ស្រស់
ខុង រ៉ុន
ខ្លូត សាម៉េត
ម៉ៅ សោភណ្ឌ
លោក មាស ហ៊ើន
ញ៉ឹក កុសល
ណុប សែត
ពិន ផុន
ពៅ អ៊ាង
រឹម សៅស៊ី​
រស់​ សាមឿន
ស៊ាន សុផល (តាប៉េងប៉ោះ)
សូ ភួង
អ្នកស្រី សង ព្រូ
សូ៊ ផល្លា
ស្រី បណ្តូល
ថាច់ សូលី

អ្នកស្រាវជ្រាវ

អាន រស្មី

អាន រស្មី ជាអនុប្រធានការិយាល័យអភិវឌ្ឍន៍វប្បធម៌ នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ធំ។ រស្មីក៏ជាអ្នកស្រាវជ្រាវឯករាជ្យ ដែលបានប្រើប្រាស់វេទិកាមួយ គឺ «រស់នៅជាមួយបេតិកភណ្ឌរស់»។ រស្មីបានព្យាយាមអស់ពីកម្លាំងកាយចិត្ត ខិតខំធ្វើឱ្យមានការចាប់អារម្មណ៍ពីសាធារណជនទូទៅ ទៅលើការងារវប្បធម៌ និងសិល្បៈ របស់សិល្បករ និងប្រតិបត្តិករវប្បធម៌ប្រចាំតំបន់របស់ពួកគេ។

ឈុន គឹមលី

ឈុន គីមលី ជានិស្សិតស្ថាបត្យកម្ម ឆ្នាំទី៥នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។ ជាអ្នកស្រាវជ្រាវដែលមានវ័យក្មេងជាងគេ គឹមលីស្ងើចសរសើរនឹងឱកាស ដែលបានជួបវីរជនសិល្បៈ ដែលបានរស់រានឆ្លងកាត់បទពិសោធន៍សិល្បៈច្រើនសម័យកាល ជាពិសេសរឿងរ៉ាវ ដែលកើតឡើងក្នុងទសវត្ស៦០ និង ៨០ ដែលគឹមលីបានដឹងពីសៀវភៅប៉ុណ្ណោះ។

គង់ ញ៉េ

គង់ ញ៉េ ជាសិល្បករចាប៉ីដងវែង។ ញ៉េត្រេកអរណាស់ ដែលបានចូលរួមក្នុងការងារ ស្វែងរកវីរជនសិល្បៈលាក់មុខ ដែលគាត់បានធ្វើដំណើរទៅតាមបណ្តាខេត្ត បានជួបជាមួយសិល្បករជាច្រើន និងបានស្តាប់ និងស្គាល់ពីចំណេះជំនាញដ៏កម្ររបស់វីរជនសិល្បៈទាំងអស់ ដែលគាត់បានជួប។

លន់ ជំនិត

លន់ ជំនិត គឺជាតន្ត្រីករបុរាណ ជំនាញ ខ្សែដៀវ និងជាគ្រូបង្រៀនតន្រ្តី។ គាត់គឺជាចៅរបស់ព្រឹទ្ធាចារ្យវីរសិល្បករ សុខ ឌុច ។ ជំនិតបានជួបសម្ភាសវីរជនសិល្បៈ ដោយមិនត្រឹមតែផ្អែកលើជំនាញ និងទេពកោសល្យនៃសិល្បៈវប្បធម៌ប៉ុណ្ណោះទេ តែថែមទាំងផ្អែកទៅលើភាពជាគម្រូរបស់វីរជនសិល្បៈទាំងនោះផង។ គាត់ជឿថា វីរជនសិល្បៈគួរតែជាអ្នកមានសីលធម៌ និងគុណតម្លៃជាគម្រូ ចំពោះការរស់នៅប្រចាំថ្ងៃផងដែរ។

អ៊ូ ប៊ុនថេង

អ៊ូ ប៊ុនថេង ប្រធានផ្នែកប្រតិបត្តិ និងប្រធានដឹកនាំក្រុមសម្តែងនៅអង្គការក្រៅរដ្ឋាភិបាលមួយឈ្មោះថា អេពិកអាត។ ប៊ុនថេងក៏ជាអ្នកតស៊ូមតិ​ឱ្យមានការរាប់បញ្ចូល សម្រាប់អ្នកមានពិការភាព។ ខេត្តដែលប៊ុនថេងបានធ្វើការក្នុងការស្រាវជ្រាវ «ស្វែងរកវីរជនសិល្បៈលាក់មុខ» សុទ្ធសឹងជាខេត្តទេសចរណ៍។ តែតាមរយៈការស្រាវជ្រាវរបស់គាត់ បានធ្វើឱ្យយើងមើលឃើញថា ក្រៅពីទេសចរណ៍ ក៏សកម្មភាពសិល្បៈ និងវប្បធម៌នៅក្នុងសហគមន៍ទាំងនោះ នៅតែបន្តរស់រានយ៉ាងសកម្ម ដែលជារឿងដ៏គួរឱ្យរីករាយមួយ។

ផន សុធារ៉ា

ផន​ សុធារ៉ា ជាអ្នកតស៊ូមតិ និងធ្វើការលើការពង្រឹងសំឡេងជនជាតិដើមភាគតិចតាមរយៈប្រព័ន្ធ​ផ្សព្វផ្សាយនានា។ វីរជនសិល្បៈ ដែលសុធារ៉ាបានជ្រើសរើស គឺបានឆ្លុះបញ្ចាំងពីភាពចម្រុះ នៃវប្បធម៌ និងអត្តសញ្ញាណរបស់កម្ពុជា ជាពិសេសគឺនៅប៉ែកឦសាននៃប្រទេសកម្ពុជា។

សាយ តុលា

សាយ តុលា គឺជាអ្នកសរសេរពីសិល្បៈ និងជានិស្សិតឆ្នាំទីបួន ផ្នែកទំនាក់ទំនងអន្តរជាតិ នៃសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា។ ក្រោយពីចូលរួមក្នុងការ «សូរស្ត្រី» ដែលតុលាបានជួបសិល្បករស្រ្តីជាច្រើនអ្នក នាងកាន់តែចាប់អារម្មណ៍ខ្លាំងទៅលើសកម្មភាពសិល្បៈ និងវប្បធម៌នៅតាមសហគមន៍។ បានជួបជាមួយ រឹម សៅស៊ី តុលារឹតតែបានយល់ដឹងពីគុណតម្លៃនៃសិល្បៈ និងវប្បធម៌ ក្នុងការថែរក្សា និងធ្វើឱ្យរស់រានឡើងវិញនៃអត្តសញ្ញាណជនជាតិដើមភាគតិច និងតស៊ូមតិដើម្បីការពារបរិស្ថានរបស់ពួកគេ។

តូច បូរិន

តូច បូរិន ជានាយកសាលាបណ្តុះបណ្តាលវប្បធម៌ និងសិល្បៈខ្មែរនៃអង្គការគ្រួសារថ្មី នៅក្រុងសិរីសោភ័ណ។ ទោះជាគាត់ធ្វើការក្នុងវិស័យសិល្បៈក៏ដោយ ក៏ការងារស្រាវជ្រាវ ស្វែងរកវីរជនសិល្បៈនេះ បានធ្វើឱ្យបូរិនភ្ញាក់ផ្អើល នឹងការដែលរកឃើញថា មានសិល្បករ និងប្រតិបត្តិករវប្បធម៌ជាច្រើននាក់ ដែលកំពុងធ្វើការងារសិល្បៈ និងវប្បធម៌ដ៏សកម្ម និងមានតម្លៃខ្ពស់ បើទោះបីជាពួកគេធ្វើការនេះនៅក្នុងកម្រិតសហគមន៍ក៏ដោយ។

អ៊ុង ចន្នី

កញ្ញា អ៊ុង ចន្នី ជាមន្រ្ដីប្រឹក្សាអាជីព ប្រចាំសាលារៀន និងជាអ្នកធ្វើការងារសហគមន៍។ ក្នុងការស្រាវជ្រាវនេះ ចន្នីមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយវីរជនសិល្បៈ ដែលនាងបានជួប និងសម្ភាស។ នាងយល់ថា បើទោះបីជាការងារនេះ រើសតែវីរជនសិល្បៈម្នាក់ប៉ុណ្ណោះ ក្នុងមួយខេត្ត សិល្បករដែលបានជួប គឺសុទ្ធតែវីរជនសិល្បៈទាំងអស់។