Skip to main content

arts4peace Festival

ភ្នំពេញប្រទេសកម្ពុជា។
ពីថ្ងៃទី១៤ - ២៤ វិច្ឆិកា ឆ្នាំ២០១៩

ទាញយកតារាងកម្មវិធី

វីរជនសិល្បៈ៖

គម្រោងនេះមានបំណងស្វែងរកវីរជនសិល្បៈ ដែលបានខិតខំ លះបង់កាយចិត្ត និងពេលវេលា ជួយគាំទ្រសិល្បៈ និងវប្បធម៌នៅស្រុកតំបន់របស់ពួកគេ តែមិនល្បីល្បាញ និងមិនសូវមានគេស្គាល់។ មហោស្រពទាំងមូលមានបំណងអរគុណ និងដឹងគុណដល់ពួកគេ។ តាមរយៈកម្មវិធីនេះ យើងនឹងស្វែងរកវីរជនសិល្បៈចំនួន ២៥ ដែលតំណាងឱ្យខេត្តនីមួយៗ តាមតែអាចធ្វើបាន។ យើងបានសហការជាមួយអ្នកស្រាវជ្រាវក្នុងរង្វង់សិល្បៈ ដើម្បីបំពេញការងារនេះ។ រយៈពេល ៦ខែមកនេះ អ្នកស្រាវជ្រាវចំនួន ៩នាក់ បានចុះទៅស្វែងរក ជួប និងសម្ភាសបុគ្គលដែលបានចំណាយពេល ស្ទើរពេញមួយជីវិតលើសិល្បៈ។ នៅក្នុងមហោស្រពនេះ យើងនឹងបង្ហាញ វីរជនសិល្បៈលាក់មុខ ទាំង ២៥ រូប ដែលយើងបានរកឃើញ។

រឹម សៅស៊ី​

ខេត្: កោះកុង
ឆ្នាំកំណើត:
ជំនាញ : អ្នកដឹកនាំវប្បធម៌ជនជាតិជង

ខ្ញុំបានចាប់អារម្មណ៍រៀនច្រៀង និងរាំសិល្បៈជនជាតិជងតាំងពីខ្ញុំនៅក្មេង។​ ពីមុន ពួកយើងតែងជួបជុំប្រគំតន្រ្តីនៅពេលយប់ ព្រោះវាត្រជាក់ ហើយអ្នកនៅក្នុងភូមិក៏សម្រាកពីការងារ។ ពេលនោះ ពួកយើងមកជួបជុំគ្នា ហើយគ្នីគ្នាស្រីៗធ្វើបបរដើម្បីបានហូបជុំគ្នា។ ប្រុសៗយកឫស្សីមកវាយធ្វើសំឡេង ដូចជាឧបករណ៍តន្រី្តមែនទែន ហើយខ្ញុំក៏បានសុំគេលេងដែរ តែគេមិនអនុញ្ញាត។ អ៊ីចឹងទៅ ខ្ញុំបានធ្វើវាមួយសម្រាប់លេងនៅផ្ទះដោយខ្លួនឯង។ នៅពេលដែលពួកគេរាំក្នុងកម្មវិធីម្តងៗ ខ្ញុំបានតែទះដៃបន្ទរ។ ហើយនៅពេលដែលគេច្រៀង ខ្ញុំព្យាយាមលួចទន្ទេញទំនុក។ ពេលដែលខ្ញុំចេះសរសេរ ខ្ញុំបានចងក្រងឯកសារមួយចំនួនអំពីសិល្បៈនៃការរាំច្រៀងរបស់ជនជាតិខ្ញុំ។ មកដល់ឥឡូវនេះ ខ្ញុំនៅតែដឹងថាបទណាគួរមានក្បាច់រាំរបៀបណា។ នៅក្នុងឆ្នាំ​២០១៤ ពួកយើងមានជម្លោះជាមួយក្រុមហ៊ុនសាងសង់ទំនប់វារីអគ្គីសនីនៅទីនេះ។ មានមនុស្ស និងអង្គការជាច្រើនបានចុះមកដល់តំបន់នេះ។ ដើម្បីបង្ហាញពីអត្តសញ្ញាណជនជាតិរបស់យើងខ្ញុំ ពួកគេបានលើកទឹកចិត្តពួកយើង​ថាឲ្យសម្តែង ព្រោះថាយើងមានសិល្បៈ វប្បធម៍​ និងប្រពៃណីរបស់ខ្លួនដែរ។ ខ្ញុំរំភើបក្រៃលែង។ ដូច្នេះ ខ្ញុំក៏ប្រមូលចាស់ៗ ដែលនៅចាំទម្រង់សិល្បៈរបស់ជនជាតិជងមកជុំគ្នា ដើម្បីសម្តែងឲ្យគេមើល។ សម្តែងបានបីដង គេបានបំបែកក្រុមពួកយើងដោយ​ប្រើមធ្យោបាយផ្សេងៗ។ បើទោះជាមានរឿងបែបនោះក៏ដោយ ខ្ញុំនៅតែគិតថាសិល្បៈមានសារៈសំខាន់ ដោយសារវាអាចបង្ហាញពីអត្តសញ្ញាណរបស់ជនជាតិយើង។ មួយវិញទៀត បើមានអ្នកណាមកតំបន់នេះចង់មើលការសម្តែង ពួកយើងអាចសម្តែងជូនពួកគេបាន។ វិធីនេះអាចជួយសហគមន៍បានដោយយកថវិកាដែលរកបាន ទៅគាំទ្រដល់ការសិក្សារបស់ក្មេងៗ និងមនុស្សចាស់ជរាអីជាដើម។

អ្នកស្រាវជ្រាវ : សាយ តុលា

More Unsung Heroes

ពៅ អ៊ាង
រស់​ សាមឿន
ស៊ាន សុផល (តាប៉េងប៉ោះ)